កណ្តាល ! តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុកលើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្តនិងមន្ត្រីជញ្ជីង ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលើកដែក គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ប្រធានមន្ទីរសាធារណះការខេត្តកណ្ដាល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
ហេតុនេះហើយទើប លោកប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1១ ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយមិនគិតរឿងផលប្រយោជន៏ជាតិដោយ អាងខ្នងបង្អែកអ្នកធំនៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន។
តែនៅថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ទោះបីបន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ដោយ មេប្រធានជញ្ជីងនិងមន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល ហាមាត់សុំលុយថ្លៃបាយថ្លៃទឹកពីពួកឈ្មួញផងដែរ។
បើតាមប្រភពស្និទ្ធពីមេជញ្ជីងថ្លឹងរថយន្ត បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ គឺលោកប្រធានជញ្ជីងថ្លឹងរថយន្តមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានលើកឡើងថា ករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្រុមឈ្មួញដឹកទំនិញ ឆ្លងកាត់មកពីបណ្តាខេត្តនានា គឺគេចមិនផុតពីការបង់លុយ តាមការកំណត់របស់មន្ត្រីជញ្ជីង បើមិនដូច្នោះទេទំនិញដែលដឹកលើសទម្ងន់នោះ ត្រូវរើចុះឡើងជាបន្ទាន់។
រីឯលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ចាំជួយការពារគ្រប់ពេលវេលា។
បញ្ហានេះគឺជារឿងដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ព្រមទាំង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មិនគូរមើលរំលងបណ្ដោយឲ្យលោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកមន្ត្រីជញ្ជីងប្រចាំការផ្លូវជាតិលេខ១ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ប្រែក្លាយពីជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមរបៀបជិះសេះលែងដៃវិញសោះ។