ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានបើកកិច្ចប្រជុំមួយស្តីពី ការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ លោកបានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវគោរពវិន័យ បទបញ្ជា ពិសេស បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធឱ្យធ្វើការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់ប្រជាពលរដ្ឋក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ផុតរយៈពេលនេះ នឹងចុះអនុវត្តច្បាប់តែម្តង។ ការណ៍នេះ ដោយមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ទើបប្រញាប់ប្រញាល់ដើម្បីពិនិត្យដាក់ចេញនូវគោលការណ៍ក្នុងការអនុវត្តបន្ត ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។ យោងតាមរបាយការណ៍អំពី ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣ និងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ ធៀបទៅមានការថយចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្ត ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល យល់ច្រឡំ ហើយអនុវត្តខុស ព្រោះថា ការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ដែលមានរោងចក្រច្រើន ពិសេសមានកម្មករ កម្មការរិនី ធ្វើដំណើរតាមរយៈរថយន្តដឹកជញ្ជូន ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការសម្រួលការធ្វើដំណើររបស់ពួកគាត់ ក្នុងករណីមានការធ្វេសប្រហែសមានគ្រោះថ្នាក់ អាចបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើន ជាក់ស្តែង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ មន្ត្រីជំនាញត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់អំពីគោលបំណងនៃការអនុវត្តច្បាប់។ ទន្ទឹមនោះ ក៏ត្រូវផ្សព្វផ្សាយដល់មន្ត្រីអនុវត្តច្បាប់ ដែលនៅមិនទាន់យល់ទាំងអស់នោះទេ ដូចជាមន្ត្រីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់យល់ដឹងពីការអនុវត្តច្បាប់ ដោយត្រូវធ្វើការបណ្តុះបណ្តាល។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញចូលសាលារៀន ឱ្យបានជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កុំឱ្យមានគ្រោះថ្នាក់៕