Skip to content
គេហទំព័រ អេស ខេធីវី
Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានខ្សឹបឱ្យដឹង
  • ព័ត៌មានកីឡា
  • ព័ត៌មានកម្សាន្ត
Menu

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុនចិនពិនិត្យលទ្ធភាពបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនី និងបន្តការសិក្សាលើគម្រោងផ្សេងៗទៀត

Posted on September 15, 2023

ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
លោក វិន ស៊ូកាំង បានជំរាបថា ចិន និងកម្ពុជា មានចំណងមិត្តភាព និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរលង់ណាស់មកហើយ និងតាមរយៈទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី នាពេលនេះ នឹងកាន់តែជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិតមួយបន្ថែមទៀត។
សម្ដេចធិបតី បានអរគុណចំពោះការអបអរសាទរ និងបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេស ការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ តាមរយៈការធានាបាននូវបរិស្ថានល្អ ។
សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជា ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។
សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។
លោក វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ។
សម្តេចធិបតី បានគូសបញ្ជាក់សារជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

 

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ឈ្មួញរកសុីបទល្មើសព្រៃឈើដុះស្លែនៅខេត្តកំពង់ស្ពឺមានឥទ្ធិពលខ្លាំងប្រើលេខឡានខម!
  • លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
  • មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលថវិកាជាតិ….!
  • ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ខេតស្វាយរៀង យកជញ្ជីងថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ…?
  • លោក មុយ បញ្ញារិទ្ធ មេគយច្រកទ្វេភាគីព្រំដែនដាបានទារលុយ ពីក្រុមឈ្មួញ ដឹកជញ្ជូន តំឡូងមី គ្រាប់ស្វាយចន្ទីទៅស្រុកយួន និងទំនិញបង់ពន្ធមិនគ្រប់ចូលមកខ្មែរ?
©2025 គេហទំព័រ អេស ខេធីវី | Design: Newspaperly WordPress Theme