ឧត្តរមានជ័យ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅក្បែរបឹងតាម៉ុក ក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយសារស្ថានភាពទឹកនៅអាងបឹងតាម៉ុក ហក់ឡើងខ្លាំង បន្ទាប់ពីទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ។
ប្រធានមន្ទីរធនធានទឹក លោក ញឺន កួន បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា ស្ថានភាពទឹកនៅទំនប់អាងទឹកបឹងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយសារមានភ្លៀងធ្លាក់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិត១០០.១មិល្លីម៉ែត្រ បានបង្កឱ្យបរិមាណធារទឹកក្នុងអាងទឹកបឹងតាម៉ុក ហក់ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន ៣,៨១ម៉ែត្រ នាម៉ោង៦.៣០នាទីព្រឹកថ្ងៃនេះ។
ជាមួយគ្នានេះ ប្រធានមន្ទីរ ក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុក សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះទ្រព្យសម្បត្តិ ផលដំណាំ ពិសេសកូនចៅតូចៗ ហើយលោកបញ្ជាក់ថា បើថ្ងៃនេះពុំមានភ្លៀងធ្លាក់ទេ ស្ថានភាពទឹកនៅអាងទឹកបឹងតាម៉ុក នឹងស្រកចុះវិញនាវេលាល្ងាចថ្ងៃនេះ។
លោក ញឺន កួន បានបន្ថែមថា កម្រិតកម្ពស់ទឹកនៅអាងទឹកបឹងតាម៉ុក ដែលត្រូវមានកាប្រុងប្រយ័ត្ន គឺ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ត្រូវប្រកាសអាសន្ន គឺ៤,៥០ម៉ែត្រ៕



